រាជធានីភ្នំពេញ៖ ប៉ូលិសប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួនស្ត្រី ២នាក់ រួមនិងគ្រឿងញៀនប្រមាណ ៧គីឡូក្រាម នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យទី៩ បានឲ្យដឹងថា ប្រតិបត្តិការនេះឃាត់ខ្លួនស្ត្រីជនសង្ស័យ ២នាក់ ទី១. ឈ្មោះ ហ៊ីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ និង២. ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដកហូតគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ម៉ាទឹកកកប្រមាណ៧គីឡូ ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង ទូរស័ព្ទដៃ ៣គ្រឿង សម្ភារប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕ សួង សាម