ក្នុងសប្ដាហ៍ដំបូងប៉ុណ្ណោះ ភាពយន្តបែបព្រេងនិទាន "Aladdin" ដែលជា Version ថ្មីនៃភាពយន្តគំនូរជីវចលដ៏ល្បីកាលពីឆ្នាំ១៩៩២ អាចរកចំណូលបាន ២០៧លានដុល្លារបាត់ទៅហើយ ខណៈចំណាយដើមទុនផលិតអស់ ១៨៧លានដុល្លារ។
ភាពយន្តថ្មីពីក្រុមហ៊ុន Disney រឿង "Aladdin" បានក្លាយជាភាពយន្តលេខ១លើតារាងចំណូលភាពយន្ត Box Office សប្ដាហ៍នេះ ក្រោយអាចរកចំណូលបានដល់ ៨៦លានដុល្លារនៅអាមេរិក និង ១២១លានដុល្លារទៀតពីប្រទេសផ្សេងៗក្នុងរយៈពេល ៣ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅ។ ភាពយន្ត "Aladdin" ថ្មីនេះចូលរួមសម្ដែងដោយតារាល្បី Will Smith ជាតួអារក្សចង្កៀង តារាសម្ដែង Naomi Scott ជាតួព្រះនាង Jasmine និងតារាសម្ដែង Mena Massoud ជាតួអាឡាដាំង។
ដោយឡែកចំណាត់ថ្នាក់ទី២លើតារាង Box Office សប្ដាហ៍នេះ គឺបានលើភាពយន្តបែបបាញ់ប្រហាររឿង John Wick វគ្គ៣ ដែលអាចរកចំណូលបន្ថែមបាន ២៤លានដុល្លារទៀតនៅអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅ។ ភាពយន្ត "Avengers: Endgame" បានជាប់លេខ ៣ជាមួយចំណូល ១៦លានដុល្លារ ខណៈ "Pokemon Detective Pikachu" ជាប់លេខ ៤ជាមួយចំណូល ១៣លានដុល្លារ ៕
0 Comments