ក្នុង​​សប្ដាហ៍​ដំបូងប៉ុណ្ណោះ​ ភាពយន្ត​បែប​ព្រេងនិទាន "Aladdin" ​ដែល​ជា Version ថ្មី​នៃ​ភាពយន្ត​គំនូរ​ជីវចល​ដ៏​ល្បី​កាល​ពី​ឆ្នាំ១៩៩២ អាច​រក​ចំណូល​បាន​ ២០៧លាន​ដុល្លារបាត់ទៅ​ហើយ ខណៈ​ចំណាយ​ដើម​ទុន​ផលិត​អស់ ១៨៧លាន​ដុល្លារ។
ភាពយន្ត​ថ្មី​ពី​ក្រុមហ៊ុន​ Disney រឿង "Aladdin" ​បានក្លាយ​​ជាភាពយន្ត​លេខ​១​លើ​តារាងចំណូល​ភាពយន្ត Box Office ​សប្ដាហ៍​នេះ ក្រោយ​អាច​រក​ចំណូល​បានដល់ ៨៦លាន​ដុល្លារ​​នៅ​អាមេរិក និង ១២១លាន​ដុល្លារ​ទៀត​ពី​ប្រទេស​ផ្សេង​ៗ​​ក្នុង​រយៈ​ពេល​ ៣ថ្ងៃ​នៃ​ចុង​សប្ដាហ៍​កន្លង​ទៅ។ ភាពយន្ត "Aladdin" ថ្មី​នេះ​​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី Will Smith ជា​តួ​អារក្សចង្កៀង តារា​សម្ដែង Naomi Scott ជាតួ​ព្រះ​នាង Jasmine និងតារា​សម្ដែង Mena Massoud ជាតួ​អាឡាដាំង​។
ដោយ​ឡែកចំណាត់​ថ្នាក់​ទី​២លើ​តារាង Box Office ​សប្ដាហ៍​នេះ គឺ​បាន​លើ​ភាពយន្ត​បែប​បាញ់​ប្រហាររឿង John Wick វគ្គ​៣ ដែល​អាច​រក​ចំណូល​បន្ថែម​បាន ២៤លាន​ដុល្លារ​ទៀត​នៅ​អាមេរិក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ភាពយន្ត "Avengers: Endgame" បាន​ជាប់​លេខ ៣​ជាមួយ​ចំណូល ១៦លាន​ដុល្លារ ខណៈ "Pokemon Detective Pikachu" ជាប់​លេខ ៤​ជាមួយ​ចំណូល ១៣លាន​ដុល្លារ ៕