ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន កាលពីពេលថ្មីៗនេះបានរកឃើញ ប្រាសាទថ្មីមួយទៀត គឺ «ប្រាសាទអូរក្រសាំង» ស្ថិតក្នុង ទីក្រុងសម្ភុបុរៈ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដ ប្រមូលទិន្នន័យនៅពុទ្ធសាសនបណ្ឌិត្យ លោកបានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃ ពុទ្ធសាសនបណ្ឌិត្យចុះកម្មសិក្សាអនុវត្តន៍ផ្ទាល់នៅទីក្រុងសម្ភុបុរៈ នៃអាណាចក្រចេនឡា បុរាណ (ស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ)។
ក្រុមស្រាវជ្រាវលោកបានបន្តដំណើរមកក្បាលកោះរងាវ ដែលមានប្រមាណជា ១០គីឡូម៉ែត្រ ហើយបានជួបសំណេះសំណាលជាមួយអ្នកភូមិអូរក្រសាំង ឃុំបឹងចារ ក៏បានទទួលដំណឹងថា មានទួលកំណប់មួយនៅក្រោយចម្ការរបស់អ្នកភូមិ ហើយនៅរសៀលថ្ងៃដដែលក្រុមស្រាវជ្រាវ ក៏បានជួបប្រទះនូវភស្ដុតាងបុរាណវត្ថុ ជាតឹកតាងប្រវត្តិសាស្រ្ដសំខាន់ៗដូចជា ដុំឥដ្ឋធំៗ ធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់ នៃផែនថ្ម និងជាពិសេសគឺលិង្គព្រះឥសូរ ១ដេក ស្ថិតនៅលើទីទួល ប្រហែលជាខឿន ប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា ៥០០០ ម៉ែត្រការ៉េ។
សំណល់បុរាណវត្ថុដែលនៅសល់រាយប៉ាយ ជាសំណល់នៃការលួចជីកកាយ ដោយក្រុមទុច្ចរិតក្នុងសម័យមុន ក្រុមស្រាវជ្រាវ សង្កេតឃើញមានរណ្ដៅនៃផ្ទាំងដាប់ថ្ម ទំហំ ១០៥ ស.ម x ១០៥ស.ម បួនជ្រុង ជម្រៅប្រមាណជា ៥ ស.ម. (ប្រហែលជាចំណុច កណ្ដាលនៃប្រាសាទជាទីតម្កល់លិង្គ) ដាប់ជាប់ពីលើផ្ទាំងថ្មធម្មជាតិ បានឃើញស្លាកស្នាម ឥដ្ឋប្រមាណជា ៥ម៉ែត្រ បួនជ្រុង ព័ទ្ធរណ្ដៅថ្មដាប់ខាងលើឃើញទបង្ហូរទឹកមន្ត ចេញពី ប្រាសាទចំនួន២ បំណែកមេទ្វារ អំពីថ្មភក់បែកបាក់ជាច្រើនដុំ ទម្រព្រះបែកបាក់ជាច្រើនដុំ លិង្គចម្លែក១ នៅខាងកើតគ្រឹះប្រាសាទនោះប្រហែល ៣០ម៉ែត្រ លិង្គនោះមានបណ្ដោយ ប្រមាណជា ១ម៉ែត្រ អង្កត់ផ្ចិតប្រមាណជា ៤០ស.ម គល់ព្រលួញ ២៥ស.ម ចម្លែកត្រង់ថាលិង្គ នេះមិនមានក្បាលមូលទេ ក្បាលចិតស្មើដូចគេកាត់កំណាត់ឈើ និង មានស្រះទឹកមួយនៅ ទិសខាងកើត ប្រហែល ៥០ម ពីគ្រឹះប្រាសាទ៕ ST












0 Comments