ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង រវាងរថយន្តដឹកទំនិញធុនធំ ២គ្រឿង បានបុកគ្នាជាមួយរថយន្តធុនធំដូចគ្នា ក្នុងទិសដៅផ្ទុយគ្នា ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ឈ្មោះ ញិល ម៉េងឡុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទន្សោងស្លាប់ ឃុំព្រៃចា ខេត្តកំពង់ចាម បានរងរបួសបាក់ជើងឆ្វេងធ្ងន់ធ្ងរ ហើយភ្លាមៗ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះ បានជួយគាស់យកចេញពីក្នុងរថយន្ត ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តម្ខាងទៀត គឺមិនទាន់ស្គាល់អត្តសញ្ញាណ និងមិនមានរងរបួសទេ។
ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានតាមផ្លូវជាតិលេខ៤នេះ តាមការអះអាង របស់សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកព្រៃនប់ បញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនេះ ជាពិសេសនៅតាមផ្លូវជាតិលេខ៤ គឺមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៦ករណី និងស្លាប់មនុស្សចំនួន ២នាក់ក្នុងនោះមានម្នាក់ជាជនជាតិចិន និងម្នាក់ជាក្មេងស្រីអាយុ៤ឆ្នាំ។ គ្រោះថ្នាក់នេះដែរ បានបណ្តាលឲ្យមានមនុស្សចំនួន៨នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិចិន ៤នាក់ផងដែរ៕